កិច្ចប្រជុំ​ប្រចាំ​ខែមករា ឆ្នាំ២០២០ របស់​អង្គភាព​ច្រកចេញ​ចូលតែមួយ​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កាលពីរសៀល​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅ​សាលប្រជុំអង្គភាព​ច្រក​ចេញ​ចូលតែមួយខេត្ត​កំពង់ឆ្នាំង លោក ឈាង បូរ៉ា ប្រធាន​អង្គភាព​ បាន​ដឹកនាំកិច្ច​កិច្ចប្រជុំ​ប្រចាំ​ខែមករា ឆ្នាំ២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីលោក អ៊ុក កីឡា ប្រធាន​ការិយាល័យប្រជាពលរដ្ឋ លោក ប៊ុន សម្បត្តិ​ អនុប្រធាន​អង្គភាព​ច្រក​ចេញ​ចូលតែមួយ លោក លោកស្រី​មន្ត្រីជួរមុខ និង​មន្ត្រីជួរក្រោយ​។

នៅក្នុង​កិច្ចប្រជុំ លោក ឈាង បូរ៉ា ប្រធាន​អង្គភាព បាន​ស្នើឱ្យ​សមាជិក សមាជិកា​អង្គប្រជុំ​លើក​ឡើង​ពី​បញ្ហា​ប្រឈម​នានា​ដើម្បី​ពិភាក្សា​រួមគ្នា​ និង​រក​យន្តការ​ដោះស្រាយ។ លោក​បាន​បញ្ជាក់​ថា សូម​កុំមានការ​ក្រែង​ចិត្ត​ ខ្លាច​រអា​ឱ្យសោះ យើង​ត្រូវ​មានភាព​ស្មោះត្រង់​នឹង​គ្នាព្រោះយើង​បាន​អនុវត្ត​ការងារ​រួមគ្នា​ជិត​២ឆ្នាំហើយ​។ ប្រសិន​បើ​បញ្ហា​ប្រឈម​ទាំង​នោះ មិនអាច​រក​ដំណោះ​ស្រាយ​បានទេត្រឹម​កម្រឹត​គ្នាយើង​ហ្នឹងទេ យើង​នឹង​ធ្វើរបាយការណ៍ដើម្បី​ជូន​ថ្នាក់ដឹកនាំ​ពិនិត្យ​ និង​សម្រេច​។

ជាង​នេះទៅទៀត លោកបាន​បន្ថែម​ថា ចំពោះ​មន្ទីរ​អង្គភាព​ ដែល​សេវា​ត្រូវ​បាន​ប្រតិភូ​កម្ម​មក​អង្គភាព​ច្រក​ចេញ​ចូលតែ​មួយ​ តែនៅ​ឱ្យ​ដំណើរការ​នៅមន្ទីរ​ អង្គភាពនោះនៅឡើយ លោក​នឹង​គ្រោង​ស្នើគោលការណ៍​ថ្នាក់ដឹកនាំ​ដើម្បី​ប្រជុំ​ពិភាក្សា​ជាថ្មីម្ដងទៀត​។

ចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធាន​អង្គភាព បានក្រើនរំលឹក​ដល់មន្ត្រីជួរ​មុខ និង​ជួរក្រោយ​ទាំង​អស់​ថា សូម​ឱ្យ​មានការទទួលខុសត្រូវ​ចំពោះ​ការងាររបស់​ខ្លួន និង​សូម​ប្រយ័ត្ន​ប្រយែង​ ធ្វើ​រឿង​ដែលគួរធ្វើ ទៅជា​ធ្វើរឿង​ដែល​មិនគួរធ្វើ​។​​ លោកបានគូស​បញ្ជាក់ថា ការដែលទៅធ្វើរឿង​ដែលមិនគួរធ្វើ នោះនឹង​ជះឥទ្ធិពល​មិនល្អ​ដល់​អង្គភាព​ច្រកចេញចូលតែមួយ​ដែលធ្វើឱ្យ​បាត់​បង់​ទំនុក​ចិត្ត​ពីសំណាក់ប្រជាពល​រដ្ឋ ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment