គណៈកម្មាការទី៦ រដ្ឋសភា អញ្ជើញចុះបំពេញ បេសកកម្ម នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តកំពង់ឆ្នាំង​ អញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ​ ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀតនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងនិងជួបសំណេះសំណាលជាមួយលោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង។

គោលបំណងនៃបេសកកម្មនេះ​ គឺដេីម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព និង ការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។​ ទន្ទឹមនឹងនេះឯកឧត្តមប្រធានគណៈកម្មការក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣គឺ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងនីតិវិធីនៃការអនុម័តសេចក្តីព្រាងច្បាប់។

ឯកឧត្តមប្រធាន​ បានមានប្រសាសន៍បន្តទៀតថាៈ រដ្ឋ​សភាជាស្ថាប័នតំណាងអោយប្រជាធិបតេយ្យ ហើយរដ្ឋធម្មនុញ្ញកម្ពុជាបានចែងយ៉ាងច្បាស់ ពីរបបប្រជាធិបតេយ្យនៅកម្ពុជា ដែល​​មាន​ភាពសេរីពហុបក្ស និងបានបែងចែកអំណាចដឹកនាំរដ្ឋជាបី ដាច់ពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាច​តុលា​ការ ៕(ដោយ៖ ឈាង វណ្ណៈ)

Comments (0)
Add Comment