ខេត្តកំពង់ឆ្នាំង រៀបចំពិធីបើក ការប្រកួតកីឡាសិស្ស បឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៩-២០២០

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅតារាងបាល់ទាត់ខេត្តកំពង់ឆ្នាំង បានរៀបចំការប្រកួតកីឡា សិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៩-២០២០។ ពិធីបើកការប្រកួតកីឡានេះ ប្រារព្ធក្រោមអធិបតីភាពឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងក្រុង/ស្រុក ប្រតិភូកីឡាក្រុង/ស្រុក សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមជម្រាបជូនផងដែរថា៖ ពិធីប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ២០១៩-២០២០ មានចែកចេញជាផ្នែកៈ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងបេតុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើឲ្យកីឡាករ កីឡាការនីទាំងអស់ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រកួតឲ្យអស់ពីសមត្ថភាព និងបច្ចេកទេស ដើម្បីសម្រិតសម្រាំងឲ្យឃើញកីឡាករដែលពូកែ សម្រាប់ទៅចូលរួមប្រកួតនៅថ្នាក់ជាតិ ដើម្បីនាំយកកិត្តិយសជូនខេត្តទាំងមូល។

ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំក្រុង/ស្រុក ដែលដឹកនាំប្រតិភូកីឡា មកចូលរួមប្រកួតត្រូវខិតខំពង្រឹងវិន័យ សាមគ្គីភាពរបស់ក្រុមនីមួយៗ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់កីឡាករទាំងអស់ ធ្វើយ៉ាងណា ឲ្យការស្នាក់នៅ ហូបចុក និងការចូលរួមប្រកួត ដំណើរការល្អប្រសើរ ស្របតាមកម្មវិធីដែលបានគ្រោងទុក ៕ (ដោយ៖ ឡេង ធារ៉ា) (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment