រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ធ្វើបដិសណ្ឋារកិច្ច​ចំពោះ​ដំណើរ​បំពេញ​បេសកកម្ម​របស់គណៈកម្មការទី៧នៃព្រឹទ្ធសភា

កំពង់ឆ្នាំង៖ នៅ​រសៀល​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត​កំពង់ឆ្នាំង ឯកឧត្តម​ ឡុង ឈុនឡៃ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ រួម​ជាមួយ​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​ក្រុមប្រឹក្សាខេត្ត អភិបាល​រងខេត្ត​ បាន​ធ្វើបដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅចំពោះ​ដំណើរ​បំពេញ​បេសកកម្ម​របស់គណៈកម្មការទី៧ ទទួលបន្ទុក​វិស័យ​អប់រំ យុវជន​ និង​កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​ នៃព្រឹទ្ធសភា​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ម៉ុម ជឹមហ៊ុយ​ ប្រធាន​គណៈកម្មការ​នៅខេត្ត​កំពង់ឆ្នាំង។

ដោយ​ក្នុង​នោះ ក៏មាន​ការចូលរួម​ពី​លោកប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និង​ប្រធានមន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលរងក្រុង នាយក នាយករង​រដ្ឋបាល​សាលា​ខេត្ត ទីចាត់ការ​ និង​អង្គភាព​ចំណុះ​សាលា​ខេត្ត​ជាច្រើន​រូប​។

គោល​បំណង​នៃដំណើរ​បំពេញ​បេសកកម្មរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា គឺ​ដើម្បីស្វែង​យល់ពីការ​វិវត្ត​រីក​ចម្រើន​ថ្មីៗ បញ្ហាប្រឈម និង​វិស័យ​ដែល​ពាក់ព័ន្ធនឹង​សមត្ថកិច្ច​របស់គណៈកម្មការ។

ជាកិច្ច​ស្វាគមន៍ ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​ បាន​ធ្វើសេចក្ដីរាយការណ៍​ពី​សកម្មភាព​ការងារ និង​សមិទ្ធផល​ថ្មីៗ​ ដែ​ល​ខេត្ត​កំពង់ឆ្នាំង សម្រេច​បាន​នាពេលកន្លង​មក​ កំពុង​អនុវត្ត និង​ទិសដៅ​អនុវត្ត​បន្ត​។ ក្នុង​នោះដែរ ឯកឧត្តម​ អភិបាល​ខេត្ត បានលើក​ឡើង​ពីបញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​មួ​យ​ចំនួន​ជុំ​វិញ​ការអនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​។

ជាកិច្ចបន្ទាប់ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធាន​គណៈកម្មការ បាន​ស្នើឱ្យ​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្ប: មន្ទីរ​ធម្មការ និង​សាសនា​ មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​អប់រំ​យុវជន និងកីឡា​ខេត្ត​កំពង់ឆ្នាំង​ រាយការណ៍​ពីលទ្ធផល​ស្ដីពីការ​អនុវត្ត​ការងារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​។

ព្រមគ្នានោះដែរ​ ឯកឧត្តម​ប្រធានគណៈកម្មការ​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ដែលបានយកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តទទួល​សមិទ្ធផល​ថ្មីៗជាបន្តបន្ទាប់​ និងបានលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ ឯកឧត្តម​ប្រធាន​ ក៏បាន​ជម្រុញឱ្យ​មន្ទីរ​ជំនាញពាក់ព័ន្ធ​ត្រូវ​បន្តជំរុញការអនុវត្តច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត​នានា​ និង​តម្រង់ទិសការ​អនុវត្ត​ច្បាប់​ឱ្យ​កាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់ ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment