កិច្ចប្រជុំសម្របសម្រួលការងារប្រថាប់ត្រាពន្ធសូន្យ ដើម្បីបញ្ជូនឯកសារតាមក្រុមនីមួយៗទៅសាខាពន្ធដារខេត្ត ក្នុងការពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាខាពន្ធដារខេត្តកំពង់ឆ្នាំង ក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានចូលរួមកិច្ចប្រជុំសម្របសម្រួលការងារប្រថាប់ត្រាពន្ធសូន្យ(០) ព្រមទាំងបញ្ជូនឯកសារតាមក្រុមនីមួយៗទៅសាខាពន្ធដារខេត្ត ដើម្បីពន្លឿនការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

កិច្ចប្រជុំប្រពឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងពន្ធដារ, លោក ឃួន វីរៈ នាយករងកម្មវិធី, លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធី, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្ត។

ក្នុងនោះឯកឧត្តម បានធ្វើការណែនាំ និងជុំរុញលើការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវប្រថាប់ត្រាសូន្យ (០) ដែលមានចំនួនជាង ២ ម៉ឺន បណ្ណ ឱ្យស្របតាមផែនការដែលបានប្រជុំជាអន្តរក្រសួង នៅអគ្គនាយកដ្ឋាន ពន្ធដារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ កន្លងទៅ ៕ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង

Comments (0)
Add Comment