កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីលំហូរការងារ និងបញ្ហាប្រឈមការផ្ដល់សេវារដ្ឋបាលនៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅការិយាល័យរបស់ឯកឧត្តមផ្ទាល់។
ដោយមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលដ្ឋខេត្ត លោកឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញចូលតែមួយ លោក កែ សុខុម ប្រធានការិយាល័យរដ្ឋបាលមន្ទីរដ.ន.ស.ស តំណាងលោកប្រធានមន្ទីរដ.ន.ស.សខេត្ត និងលោក ប៊ុន សម្បត្តិ អនុប្រធានអង្គភាពច្រកចេញចូលតែមួយ។
នៅក្នងកិច្ចប្រជុំនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានលើកឡើងថា៖ ការជម្រុញឱ្យមន្ទីរជំនាញផ្ទេរសេវាមកអង្គភាពច្រកចេញចូលតែមួយ គឺមិនមែនជាបង្ខិតបង្ខំ ឬដណ្ដើមការងារពីមន្ទីរនោះទេ គឺជាការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ជាពិសេសគឺអនុវត្តតាមអនុក្រឹត្យលេខ១៨របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត។
បន្ថែមពីនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើឱ្យមន្ទីរអង្គភាពជួយផ្សព្វផ្សាយបន្ត ឬក៏រៀបចំឱ្យមានការផ្សព្វផ្សាយនៅក្នុងវេទិកាសាធារណ:អំពីច្រកចេញចូលតែមួយដល់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់ទៅទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយ ឬការិយាល័យច្រកចេញចូលតែមួយ ៕(ប្រភព៖ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត)