កិច្ចជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ(គ) សាលាខេត្តកំពង់ឆ្នាំង មានរៀប​ចំ​កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជាអនុប្រធាន​ប្រចាំការ​គណៈកម្មការ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត​។

ដោយ​មានការចូលរួមពីលោក​នាយករងរដ្ឋបាល​សាលា​ខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធអភិបាលរង អភិបាលរងក្រុង ស្រុក​ជាសមាជិក សមាជិកា​គណៈកម្មការដឹកនាំកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត​។

កិច្ចប្រជុំ​នេះ មានគោល​បំណង​ដើម្បី​៖
១.​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់រដ្ឋបាល​ខេត្ត និង​អនុម័ត​ប្រតិទិន​ប្រជុំ​ប្រចាំខែ​ក្នុង​ឆ្នាំ២០២០។
២.បង្ហាញ​ពីបច្ចុប្បន្នភាព​ និង​ពិភាក្សា​លើការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត និងលើកទិសដៅ​សំខាន់ៗសម្រាប់​អនុវត្ត​បន្ត​។

ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការនេះ បង្ហាញឱ្យ​ឃើញ​ថា​ ជាការ​យកចិត្ត​ទុកដាក់ខ្ពស់​របស់ថ្នាក់ដឹកនាំខេត្ត​ ក្រុង ស្រុក ក្នុង​ការពិនិត្យ​ជាទៀងទាត់​ និង​ជម្រុញឱ្យ​ស្ថាប័ន​អនុវត្តគោលនយោបាយ​វិជ្ឈការ និង​វិសមជ្ឈការ​ បានចូលរួម​គ្រប់​សកម្មភាព​ដើម្បីធ្វើការឆ្លុះបញ្ចាំង​ពីការអនុវត្ត​សកម្មភាពនានា​។ ឯកឧត្តម បាន​បញ្ជាក់​បន្ថែម​ថា កិច្ចប្រជុំ​លើកដំបូង​ក្នុង​ឆ្នាំ២០២០នេះ គឺបាន​ប្រព្រឹត្តទៅ​ស្របពេល​ដែល​រដ្ឋបាល​ក្រុង ស្រុក​ បានរៀប​ចំ​រចនា​សម្ព័ន្ធ​ថ្មី​។​

ទន្ទឹមគ្នានោះដែរ ឯកឧត្តម​អភិបាល​រង​ខេត្ត បាន​ជម្រុញឱ្យ​ភាគីពាក់ព័ន្ធទាំង​អស់​ចូលរួម​ជាមួយ​គណៈកម្មការ​ដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដើម្បីលើក​កម្ពស់ការងារកំណែទម្រង់នេះ​ឱ្យ​មាន​តម្លាភាព គុណភាព បរិមាណ និង​ប្រសិទ្ធភាព​ខ្ពស់ ៕(ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment