គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ទទួលបានអំណោយ ពីឯកឧត្តមក្រុមការងារ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគិរី

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អុឹង លាងហួរ សមាជិកព្រឹទ្ធសភា ឯកឧត្ដមក្រុមការងារថ្នាក់កណ្តាល សមាជិកក្រុមប្រឹក្សាខេត្ត លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អញ្ជើញដឹកនាំក្រុមការងារ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះអស់ទាំងស្រុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល៨ ព្រឹក។

ម្ចាស់ផ្ទះមានឈ្មោះ ហួត យូសៀក (ប្ដី) អាយុ ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ី លឿងឆេង អាយុ ៤០ឆ្នាំ ធ្វើពីឈើ(ថ្មក្រោម)​ ប្រក់ក្បឿង ទំហំប្រហែល ៦x៨ម រស់នៅក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ អំណោយរបស់អនុសាខារួមមាន÷ អង្ករ៣០ គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ធុងទឹក១ ធុងចំរុះទឹកស្អាត១ កន្ទេល១ មុង១ កន្សែងពោះគោ១ តង់១ សារ៉ុង១ ឆ្នាំង១ ចាន ស្លាបព្រា និងថវិកាចំនួន២០ ម៉ឺនរៀល។

ក្នុងឱកាសនោះផងដែរឯកឧត្តម អុឹង លាងហួរ សមាជិកព្រឹទ្ធសភា ឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល និងសារ៉ុង២, ឯកឧត្តម ឡុច សុវណ្ណរា ក្រុមប្រឹក្សាខេត្ត ឧបត្ថម្ភថវិកា ១០ ម៉ឺនរៀល, លោក ម៉ើ សេតសេន ក្រុមការងារថ្នាក់កណ្តាល ឧបត្ថម្ភថវិកា១០ ម៉ឺនរៀល, លោក ហៃ មនោរម្យអភិបាលស្រុក ឧបត្ថម្ភថវិកា ១០ ម៉ឺនរៀល, លោក លី ផល្លីន អភិបាលរងស្រុក ឧបត្ថម្ភថវិកា ៥ ម៉ឺនរៀល, លោក អ៊ូ លាងហុង ឧបត្ថម្ភ១០ម៉ឺនរៀល ក្រុមប្រឹក្សាឃុំព្រៃគ្រី ឧបត្ថម្ភថវិកា១០ ម៉ឺនរៀល, មណ្ឌលសុខភាពព្រៃគ្រី ឧបត្ថម្ភថវិកា១០ម៉ឺនរៀល សរុបថវិកាចំនួន ១.០៥០.០០០រៀល ៕(ដោយ៖ ឡេង ធារ៉ា)

Comments (0)
Add Comment