ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»

នារសៀលថ្ងៃទី០៣ ខែ​មីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដែលបានប្រារព្ធឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។

លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថាៈ ទិវានារីអន្តរជាតិ៨ មីនា ធ្វើឡើងដើម្បីរំឮកអំពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសាកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធស្មើគ្នារវាងបុរសនិងស្រ្តីនៅក្នុងសង្គម។ ជាក់ស្តែងនៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងជាស្រ្តីបានខិតខំពុះពារគ្រប់ការលំបាក និងកិច្ចការសង្គមជាច្រើនទៀត ទាំងនេះបានបង្ហាញអំពីសមត្ថភាព ឆន្ទៈ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ និង សង្គមជាតិ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី បានមានប្រសាសន៍បញ្ជាក់ថាៈ ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ការលើកឡើងនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព សន្តិសុខល្អ ស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឱកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹងសមភាពយេនឌ័រនៅក្នុងសង្គម។

លោកឧត្តមសេនីយ៍ក៏បានបានអំពាវនាវដល់ស្រ្តីនៅតាមមូលដ្ឋាន ត្រូវតែពង្រឹងសមត្ថភាព នៃការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាងណាអោយស្រ្តីក្លាយជាអ្នកដឹកនាំដ៏វៃឆ្លាត ពោពេញដោយសមត្ថភាព ទន្ទឹមនឹងនោះត្រូវចូលរួមធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្រ្តី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ដើម្បីចូលរួមអបអរសារទរទិវានារីអន្តរជាតិនេះក៏មានការពិសារអាហារសាមគ្គីនៅក្នុងបរិវេណរបស់ស្នងការដ្ឋាននគរបាលខេត្ត ដល់កងកំលាំងជាស្រ្តីចំនួន ១២៦នាក់ផងដែរ ៕

ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment