អភិបាលស្រុកសាមគ្គីមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការលើការងារចាំបាច់មួយចំនួន

សាមគ្គីមានជ័យ៖ នៅរសៀលថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក វន ស៊ីផា អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន ក្នុងគោលបំណងផ្សព្វផ្សាយការណែនាំរបស់ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បី÷
-ពង្រឹងសតិអារម្មណ៍ និងការអប់រំចិត្តសាស្រ្តដល់មន្រីរាជការ និងបុគ្គលិកក្រោមឱវាទឲ្យបានត្រឹមត្រូវ និងជាប្រចាំពាក់ព័ន្ធ Covid-19 ដោយខិតខំតាមដាន និងស្វែងយល់អំពីលិខិតបទដ្ឋាន រួមទាំងព័ត៌មានផ្សេងៗដែលមានប្រភពផ្លូវការ និងច្បាស់លាស់ដោយមានការទទួលខុសត្រូវក្នុងការតាមដាន និងរាយការណ៍ព័ត៌មានកុំស្លន់ស្លោរ ឬលាក់បំបាំងព័ត៌មាន ត្រូវចងចាំថាត្រូវនាំគ្នាទប់ស្កាត់ទាំងអស់គ្នា សូមកុំរើសអើង។
-ទប់ស្កាត់ និងគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំចំពោះអ្នកត្រឡប់មកពីបរទេស និងអ្នកចំណូលថ្មីដោយមេឃុំត្រូវសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ថ្នាក់ដឹកនាំភូមិ មណ្ឌលសុខភាព។ ត្រូវផ្អាកគ្រប់សកម្មភាពនៃការជួបជុំជាបណ្តោះអាសន្ន គប្បីខិតខំពន្យល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ និងគាត់យល់ព្រមអនុវត្តដោយការសប្បាយ រីករាយប្រកបដោយប្រសិទ្ធភាព ហាមដាច់ខាតទង្វើរទាំងឡាយណាដែលជាការបំពុលបរិយាកាសសង្គម ឬការដុត ឲ្យខ្លោចរួចឲ្យឆៅ។
-ផ្សព្វផ្សាយ និងអនុវត្តសេចក្តីប្រកាសលេខ ០៦៥/២០ ស.ន.ក.ជ ស្តីពីការទប់ស្កាត់ការឆ្លងវិរុស Covid 19 របស់គណ:សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣ រសៀល។
-ពង្រឹងការអនុវត្តការងាររដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាពតាមរយ:ប្រព័ន្ធអនឡាញ ដោយកាត់បន្ថយការប៉ះពាល់ឯកសារ ឬការជជែកពិភាក្សាជាមួយមនុស្សដែលមិនស្គាល់ ប្រសិនបើចាំបាច់ និងបន្ទាន់ត្រូវប្រើស្រោមដៃ ពាក់ម៉ាស់ ឬក្រម៉ា និងលាងដៃឲ្យបានត្រឹមត្រូវញឹកញាប់។
-បញ្ហាផ្សេងៗ

កិច្ចប្រជុំនោះ ក៏មានសមាសភាពចូលរួមពីលោក លោកស្រីអភិបាលរងស្រុក, ការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុកទាំង ១៣, កងកម្លាំងទាំងបី, ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ត្រឡាច, មេឃុំ និងស្មៀនឃុំទាំង ៩ និងប្រធានមណ្ឌលសុខភាពទាំង៦ ចូលរួមផងដែរ ៕

(ប្រភព៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
Comments (0)
Add Comment