លោកជំទាវ តុង ណារី បានជំរុញ ដល់សមាជិក ក្នុងគណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារ ជំងឺកូវីដ ១៩

កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង បានជំរុញដល់សមាជិក សមាជិកា របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារជំងឺកូវីដ ១៩ ដែលជាកិច្ចការចំពោះ មុខរបស់យើងទាំងអស់គ្នា និងការចូលរួមទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ ចរាចរណ៍ ទាំងអស់គ្នាផងដែរ។

លោកជំទាវ បានជំរុញបែបនេះនៅរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ “គ” សាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមីនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គភាពពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ។​

ក្នុងឱកាសនោះដែរលោកជំទាវ តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែល បានមកពី បណ្តាប្រទេសនានា ដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ​ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ អោយគាត់យល់ដឹងពីសុខភាព និងថែរក្សាសុខភាពដេីម្បីកុំអោយ មាន ជំងឺកូវីដ១៩ ៕ (ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)

Comments (0)
Add Comment