ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំក្រសួង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ទឹកផុស និងស្រុករលាប្អៀរ

(ខេត្តកំពង់ឆ្នាំង)៖ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជា នាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប នាថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០
បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Site Inspection) ដោយមានការចូលរួមពី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ, មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ លំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។ គិតត្រឹមថ្ងៃនេះ ការងារសម្រេចបាន១០០% លើទំហំការងារសរុបរបស់គម្រោងក្នុងនោះ រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ
៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣.២៨៩ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោងប្រមាណ ១ ពាន់គ្រួសារ ផងដែរ ៕

Comments (0)
Add Comment