(កំពង់ធំ) ៖កុំចេះតែហ៊ានសមត្ថកិច្ចមិនដេកលក់ឡើយ ការប្រឹងប្រែង ការយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ចជំនាញ.. កម្លាំងអធិការដ្ថាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយ កម្លាំងតំបន់សឹករងខេត្តកំពង់ធំ រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានធ្វើការឃាត់រថយន្តមួយគ្រឿង ដែលដឹកឈើពេញ ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ទិសដៅឆ្ពោះទៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់បាន។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តខាងលើម៉ាក កាមមេរីហើម ពណ៌មាស ពាក់ស្លាកលេខ (ភ្នំពេញ 2D-7164) ។ ឃាត់បាន ត្រង់ចំណុចជិតរង្វង់មូលតោ៨ រូបសំណាកអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ វេលាម៉ោងប្រមាណ ៨:៣០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា វត្ថុតាងខាងលើរួមមាន៖ រថយន្តម៉ាកកាមេរីហើម១គ្រឿង ឈើប្រភេទលេខ១ សុក្រំចំនួន១៥ដុំ ស្មើនឹង ០,៨០ម៉ែត្រគូប។
ដោយឡែកម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នរថយន្តនិងវត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីចំណាត់ការបន្តតាមនីតិវិធី។
គួររំលឹកផងដែរថា កម្លាំងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប តែងតែមានកិច្ចសហការល្អ ជាមួយជំនាញពាក់ព័ន្ធនានា ក្នុងប្រតិបត្តិការបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ។ ជាពិសេសនាពេលថ្មីៗនេះកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបធ្វើការបង្ក្រាបបទល្មើស ធនធានធម្មជាតិបានជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ទោះបីជាជនប្រព្រឹត្តបទល្មើសទាំងនោះ ព្យាយាមប្រើរូបភាពបំភាន់ភ្នែក ក្នុងរូបភាពយ៉ាងណាក្តី៕