ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ៖ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានសន្តិភាព និង ការអភិវឌ្ឍ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបានថ្លែងថា ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីធានាបានសន្តិភាព និង ការអភិវឌ្ឍ។

ឯកឧត្តម បណ្ឌិតសភាចារ្យបានថ្លែងបែបនេះក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ឆ្នាំងស្ថិតក្នុងមណ្ឌលភូមិភាគ៧ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិក គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងបន្តថាៈ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាគណបក្សតែមួយគត់ ដែលបានសង្គ្រោះជាតិ និង ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រពីប្រជាពលរដ្ឋ ដែលបានបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព និង ការឯកភាពជាតិស្របតាមលទ្ធិប្រជាធិបតេយ្យ។ ជាពិសេសគណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ ទោះក្នុងកាលៈទេសៈ ណាក៏ដោយគឺធ្វើដើម្បីបម្រើផលប្រយោជន៍ប្រជាជន និង ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថាៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរ
ការប្រជាធិបតេយ្យ និង នីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥ខាងមុខនេះ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ៖ ក្នុងថ្ងៃបិទយុទ្ធនាការឃោសនា បោះឆ្នោះជ្រើសតាំងសមាជិកព្រឹទ្ធក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ មាន សមាជិក សមាជិកា ចូលរួមសរុបចំនួន ១៦ ៤៤៤ នាក់ ,រថយន្តតូចធំចំនួន ៨៤៩ គ្រឿង ,ម៉ូតូធំ ០៣ គ្រឿង,ម៉ូតូ ១ ៣៤០ គ្រឿង កង់ចំនួន ៩០ គ្រឿង ឆៃយ៉ាំចំនួន០៧វង់ ,មេក្រូនិងធុបាស់ចល័តចំនួន ១២ គ្រឿង ,តន្ត្រីសម័យចំនួន ០២ វង់ និងក្រុមរបាំ ០១ ក្រុម៕

Comments (0)
Add Comment